
ក្រុមហ៊ុន អ័រគីដេ ឌីវែឡុបម៉ិន និង រ៉ូយ៉ាល់គ្រុប ចុះអនុស្សរណយោគយល់ បង្កើតសាលារៀនអន្តរជាតិ SISC លើទឹកដី ទីក្រុងអ័រគីដេ ដឹប៊ូតានិចស៊ីធី ជ្រោយចង្វា
07 Apr 2023
ជំហ៊ានថ្មីមួយទៀតដែលនឹងផ្តល់នូវអត្ថប្រយោជន៍ដ៏សំខាន់សម្រាប់ពលរដ្ឋរស់នៅក្នុងតំបន់ខណ្ឌជ្រោយចង្វា ជាពិសេសអ្នកដែលរស់នៅក្នុងគម្រោងលំនៅឋាន ទីក្រុងអ័រគីដេ ដឹប៊ូតានិចស៊ីធី និងក្បែរៗគម្រោងទីក្រុងដ៏ធំមួយនេះតែម្តង ក្រោយពេលក្រុមហ៊ុន អ័រគីដេ ឌីវែឡុបម៉ិន និងក្រុមហ៊ុន រ៉ូយ៉ាល់គ្រុប បានប្រកាសកិច្ចព្រមព្រៀងអនុស្សរណយោគយល់ ក្នុងការបង្កើតសាលារៀនអន្តរជាតិ South Bridge International School Cambodia ថ្មីមួយទៀតលើទឹកដីទីក្រុងអ័រគីដេ ដឹប៊ូតានិច ស៊ីធី តាមបណ្តោយផ្លូវជាតិ ៦អា ។



លោក គ្រួច សុភត្ត្រា នាយកគ្របគ្រងចាត់ការទូរទៅ បានសម្តែងនូវក្តីសោមនស្សរីករាយ និងមានប្រសាសន៍យ៉ាងដូច្នេះថា «កិច្ចសហប្រតិបត្តិការរវាងគម្រោង អ័រគីដេ ដឹប៊ូតានិច និង សាលារៀនអន្តរជាតិ South Bridge International School Cambodia នេះ នឹងធ្វើឱ្យគុណភាពនៃការរស់នៅរបស់ពលរដ្ឋក្នុងតំបន់ជ្រោយចង្វា ជាពិសេសអ្នករស់នៅក្នុងគម្រោងក្រុងអ័រគីដេ ដឹប៊ូតានិចស៊ីធី កាន់តែងាយស្រួលមួយកម្រិតទៀតក្នុងការផ្តល់នូវការសិក្សាអប់រំស្តង់ដាពិភពលោក ពីចក្រភពអង់គ្លេស តាមរយៈសាលាអន្តរជាតិដែលមានកិត្យានុភាពនៅកម្ពុជាមួយនេះ ដោយពួកគេមិនចាំបាច់ចំណាយពេលយូរក្នុងការជូនបុត្រធីតាទៅសាលារៀនដែលនៅឆ្ងាយ ចំណេញពេលវេលាពីការកកស្ទះចរាចរណ៍ ចំណេញប្រេងឥន្ធនៈ ហើយកាន់តែពិសេសនោះគឺ សុវត្តិភាព និងបរិយាកាសស្រស់ស្រាយសម្រាប់ការសិក្សាប្រកបដោយគុណភាពសម្រាប់បុត្រធីតាតែម្តង» ។



លោកក៏បានបង្ហាញនូវភាពជឿជាក់ និងមោទកភាពផងដែរថា «នេះគឺជាកិច្ចសហប្រតិបត្តិការដ៏ល្អឥតខ្ចោះមួយ ដែលជំរុញឲ្យការរស់នៅក្នុងគម្រោង អ័រគីដេ ដឹប៊ូតានិចស៊ីធី កាន់តែសម្បូរបែបបន្ថែមទៀតពីលើហេដ្ឋារចនាសម្ព័ន្ធ សួនច្បារស្រស់បៃតង បឹងធម្មជាតិ ក្លឹបហាត់ប្រាណ ស្ទីមសោណាប្រណីត ផ្សារទំនើបសហគមន៍ដែលមានក្នុងនៅក្នុងប្លង់មេនៃទីក្រុងនេះ ហើយវាជាកិច្ចសហប្រតិបត្តិការដែលនឹងនាំឆ្ពោះទៅការបង្កើតធនធានមនុស្សយ៉ាងល្អបំផុត ដើម្បីក្លាយជាទំពាំងស្នងឫស្សី ក្លាយជាអ្នកដឹកនាំនៃប្រជាជាតិកម្ពុជាទាំងមូលនៅពេលអនាគតដ៏ខ្លីខាងមុខ ដែលនេះគឺបេសកកម្មដ៏មានសារៈសំខាន់មួយសម្រាប់កម្ពុជា» ។
លោកក៏បានប្តេជ្ញានឹងជម្រុញឲ្យកិច្ចសហប្រតិបត្តិការនេះឆ្ពោះទៅរកភាពជោគជ័យ ដើម្បីជាប្រយោជន៍ដល់បុត្រធីតា លោក លោកស្រីដែលរស់នៅក្នុងតំបន់នេះផងដែរ។ ហើយនេះជាឱកាសដ៏មានតម្លៃមួយផងដែរសម្រាប់សាលាអន្តរជាតិ South Bridge International School Cambodia ដែលបានសហការជាមួយក្រុមហ៊ុន អ័រគីដេ ឌីវែឡុបម៉ិន នៅក្នុងគម្រោង ដឹប៊ូតានិចស៊ីធី ។




លោក ឡារី ស៊ីនឃ្លែរ ដែលជានាយកសាលាអន្តរជាតិ សៅប្រ៊ីដកម្ពុជា ក៏បានមានប្រសាសន៍ថា «សាខាសាលាអន្តរជាតិ South Bridge International School Cambodia ថ្មី ដែលមានទីតាំងនៅក្នុងគម្រោង ដឹប៊ូតានិចស៊ីធី នឹងនាំមកនូវសហគមន៍សិក្សាមួយដែលមានទស្សនវិស័យក្នុងការផ្តល់តម្លៃ និងលើកទឹកចិត្តដល់ភាពច្នៃប្រឌិតរបស់សិស្សានុសិស្ស ហើយតែងតែស្វែងរកឱកាសសម្រាប់ពួកគេក្នុងការចែករំលែក ក្នុងការចូលរួម ប្រកួតប្រជែង និងក្នុងការសិក្សាពីមជ្ឍដ្ឋានខាងក្រៅផងដែរ ។ គោលបំណងចំបងមួយរបស់យើងគឺរៀបចំសិស្សានុសិស្សយើង ឱ្យក្លាយជាពលរដ្ឋសកលដែលមានសមត្ថភាពគ្រប់គ្រាន់ក្នុងការចូលរួមជួយដល់គ្រួសារ សង្គម និងជាតិ» ។
ហើយលោកក៏បានបញ្ជាក់បន្ថែមយ៉ាងមុតមាំថា ៖ «មាតាបិតា អ្នកអាណាព្យាបាលសិស្ស អាចជឿជាក់ថាលោកគ្រូ អ្នកគ្រូដែលបានទទួលការបណ្តុះបណ្តាលជាលក្ខណៈអន្តរជាតិ ដែលមានលក្ខណសម្បត្តិគ្រប់គ្រាន់ នឹងលះបង់កម្លាំងកាយចិត្ត និងលើកទឹកចិត្តសិស្សានុសិស្សយើងឱ្យសម្រេចបាននូវសក្តានុពលពេញលេញរបស់ពួកគេទាំងផ្នែកសិក្សា និងជំនាញផ្សេងៗក្នុងសង្គម» ។



នេះជាសក្ខីភាពដែលបញ្ជាក់ថា ការអប់រំមិនមែនផ្តោតទៅលើតែការផ្ដល់ចំណេះដឹងប៉ុណ្ណោះទេ ប៉ុន្តែវាក៏ជាការបំពេញបន្ថែមជាមួយនឹងជំនាញ គុណតម្លៃ សុជីវធម៌ និងសីលធម៌ ដែលសិស្សានុសិស្សត្រូវការជាចាំបាច់ដើម្បីចូលរួមចំណែកអភិវឌ្ឍសង្គមជាតិ ៕ អត្ថបទសហការ




